
ក្រុមការងារអធិការកិច្ច នៃមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង ចុះធ្វើការអធិការកិច្ច នៅពន្ធនាគារខេត្តប៉ៃលិន
(ប៉ៃលិន)៖ រសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារអធិការកិច្ច នៃមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង បានចុះធ្វើការអធិការកិច្ច នៅពន្ធនាគារខេត្តប៉ៃលិន ដែលដឹកនាំដោយ ឯកឧត្តម តន់ សីហតេជ អគ្គព្រះរាជអាជ្ញារង និងមានការអញ្ជើញចូលរួមពីលោក វ៉ា វិចិត្រ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តប៉ៃលិន លោក ដុះ វិសុទ្ធ អគ្គលេខាធិការរង លោកប្រធានពន្ធនាគារ លោក-លោកស្រីអនុប្រធានពន្ធនាគារ លោកស្រីក្រឡាបញ្ជី មន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋបាលសាលាឧទ្ធរណ៍បាត់ដំបង រួមទាំងមន្ត្រីពន្ធនាគារខេត្តប៉ៃលិនចំនួន១៦នាក់។ ការចុះធ្វើអធិការកិច្ច របស់មហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង មានគោលបំណងដើម្បីពិនិត្យតាមដានការអនុវត្តនីតិវិធីនៃការឃុំខ្លួន ពង្រឹងកិច្ចការងារអនុវត្តច្បាប់ ឱ្យមានប្រសិទ្ធភាព ផ្សារភ្ជាប់ទំនាក់ទំនងល្អ រវាងមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង និងពន្ធនាគារខេត្តប៉ៃលិន ស្វែងយល់ពីរបាយការណ៍លទ្ធផលការងារដែលសម្រេចបាន និងបញ្ហាប្រឈមនានាដែលបានជួបប្រទះនាពេលកន្លងមក។











