
រដ្ឋមន្ត្រីក្រសួងព័ត៌មាន រម្លឹកព្រឹត្តិការណ៍«ចាប់ដៃដ៏គ្រោះថ្នាក់បំផុត» ក្រោយពីបទឈប់បាញ់ ដែលភាគីកម្ពុជា និងថៃបានឯកភាពគ្នា
(ភ្នំពេញ)៖ តាមរយៈសំណេរ បង្ហោះតាមហ្វេសប៊ុក ផ្ទាល់ខ្លួននាព្រឹកថ្ងៃទី២៨ កក្កដានេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន គូសបញ្ជាក់ថា ក្រោយពីបទឈប់បាញ់ដែលភាគីកម្ពុជា និងថៃបានឯកភាពគ្នា ចូលជាធរមាននៅវេលាម៉ោង ០០:០០ នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ប្រជាជនកម្ពុជា និងកងកម្លាំងជួរមុខសង្ឃឹមថា ការបង្ហូរឈាមនឹងត្រូវបញ្ចប់ ហើយសន្តិភាពនឹងចាប់ផ្តើមវិលត្រឡប់មកវិញ។ ប៉ុន្តែ នៅព្រឹកថ្ងៃដដែលនោះ មានការរាយការណ៍ថា ទាហានថៃបានចូលមកស្នើចាប់ដៃជាមួយទាហានកម្ពុជា បង្កើតបរិយាកាសដូចជាការផ្សះផ្សា និងការបញ្ចប់ការប្រឈមមុខដាក់គ្នា។ បន្ទាប់ពីនោះ ភាគីថៃបានធ្វើការលោមព័ទ្ធ និងចាប់ខ្លួនយោធិនកម្ពុជាតែម្តង។











