
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ គេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត ត្រូវក្លាយជាច្រកផ្តល់ព័ត៌មានផ្លូវការដ៏សំខាន់
(ភ្នំពេញ) ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានជំរុញឱ្យមន្ត្រីគ្រប់គ្រងគេហទំព័ររបស់មន្ទីរព័ត៌មានរាជធានី-ខេត្តទាំង២៥ ពង្រឹងតួនាទីជាច្រកចេញចូលផ្តល់ព័ត៌មានផ្លូវការដ៏មានសក្តានុពលចម្បង ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងសាធារណមតិ និងធានាការផ្តល់ព័ត៌មានពិតដល់សាធារណជន។ ការជំរុញបែបនេះត្រូវបានធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី «ការគ្រប់គ្រងគេហទំព័រព័ត៌មានមន្ទីរព័ត៌មានរាជធានី-ខេត្ត» នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងព័ត៌មាន ដោយផ្ទាល់ និងតាមរយៈប្រព័ន្ធ Zoom ដែលមានការចូលរួមពីមន្ត្រីបច្ចេកទេសនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធទាំងអស់មកពីមន្ទីរព័ត៌មាន២៥ រាជធានី-ខេត្ត។










