ក្រុមការងារមន្ទីរសាធារណការខេត្តប៉ៃលិន ចុះជួសជុលកំណាត់ផ្លូវខូចខាតដោយទឹកជំនន់ នៅសង្កាត់អូរតាវ៉ៅ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ
(ប៉ៃលិន)៖ កាលពីព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦ ក្រុមការងារបច្ចេកទេសមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន បានចុះធ្វើសកម្មភាពជួសជុល និងស្ថាបនាកំណាត់ផ្លូវដែលរងការខូចខាតដោយជំនន់ទឹកភ្លៀង ស្ថិតនៅផ្លូវបំបែក ផ្លូវវាងក្រុង ក្នុងភូមិដីក្រហម ក្នុងសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ប្រតិបត្តិការជួសជុលនេះ បានធ្វើឡើងក្រោមការចង្អុលបង្ហាញ និងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ក្នុងគោលបំណងស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ទឹកភ្លៀងនាពេលកន្លងមក បម្រើដល់ផលប្រយោជន៍ និងសុវត្ថិភាពធ្វើដំណើររបស់ប្រជាពលរដ្ឋ ពិសេសក្នុងឱកាស នៃពិធីបុណ្យកាន់បិណ្ឌ ភ្ជំបិណ្ឌនេះ។