
ពន្ធនាគារខេត្តពោធិ៍សាត់ រៀបចំពិធីសូត្រមន្តបង្សុកូល និងរាប់បាត្រ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
ពោធិ៍សាត់៖ អង្គភាពពន្ធនាគារខេត្តពោធិ៍សាត់ បានរៀបចំពិធីសូត្រមន្ត បង្សុកូល និងរាប់បាត្រ ដើម្បីអបអរសាទរ និងឧទ្ទិសកុសល នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦នេះ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌដែលនឹងឈានចូលមកដល់នាពេលខាងមុខ។ ពិធីនេះត្រូវបានរៀបចំឡើងក្រោមការដឹកនាំរបស់ លោក វរអគ្គានុរក្សថ្នាក់លេខ២ ស៊ិន សុផាន់ណូ ប្រធានពន្ធនាគារខេត្តពោធិ៍សាត់ ព្រមទាំងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃអង្គភាព។ ក្នុងឱកាសនោះ អង្គភាពបាននិមន្តព្រះសង្ឃចំនួន ៤អង្គ គង់នៅវត្តសុវណ្ណគិរី (ហៅវត្តទួលវែង) និងអញ្ជើញលោកតាអាចារ្យចំនួន ២រូប ដើម្បីប្រព្រឹត្តទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ក្នុងការសូត្រមន្ត បង្សុកូល រាប់បាត្រ និងឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជនដែលបានចែកឋានទៅ។ បន្ថែមពីនេះ ដើម្បីបង្កើតបរិយាកាសរីករាយ និងផ្ដល់កំលាំងចិត្ត អង្គភាពបានអនុញ្ញាតឱ្យជនជាប់ឃុំចំនួន ៧៥នាក់ (ក្នុងនោះមានស្ត្រី ២៦នាក់) បានចូលរួមក្នុងពិធីរាប់បាត្រ ប្រគេនទេយ្យទាន និងបច្ច័យផ្ទាល់ដៃដល់ព្រះសង្ឃ។ ទន្ទឹមនឹងនេះ អង្គភាពក៏បានរៀបចំធ្វើសម្លការីនំបុ័ងយ៉ាងប្រណិត ចែកជូនដល់ជនជាប់ឃុំទាំងអស់តាមបន្ទប់នីមួយៗប្រកបដោយបរិយាកាសស្និទ្ធស្នាល និងមនុស្សធម៌៕











